កំណត់ត្រាសម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមថ្នាក់ស្រុក ក្រុង
សម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិថ្នាក់ស្រុក ក្រុង (ឆ្នាំទី ១, ទី ២, ទី ៣) នៃឆ្នាំសិក្ស ២០២១‑២០២២ បានចាត់តាំងឡើងក្នុងទូទាំងខេត្ត ក្នុងរយៈកាល ០២ គឺថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២២ និងថ្ងៃទី ០១ មករា ឆ្នាំ ២០២៣។ យើងខ្ញុំបានកំណត់ត្រាការប្រឡងរបស់បេក្ខសិស្សនៅមណ្ឌលប្រឡងមួយចំនួននៅបណ្តាស្រុក ក្រុងក្នុងខេត្ត។

បេក្ខសិស្សកំពុងប្រឡងនៅមណ្ឌលប្រឡងវត្តចម្បាបូរី (ត្រោកលិច) ទីប្រជុំជនចូវថាញ់។

នៅមណ្ឌលប្រឡងវត្តកោះកែវសិរី ទីក្រុងត្រាវិញ មានបេក្ខសិស្ស ១២២ អង្គនិងរូបចូលរួមប្រឡង។

យើងខ្ញុំបានជួបសំណេះសំណាលជាមួយសាមណេរ ចៅឫទ្ធិ គង់នៅវត្តកុកត្រែង ខេត្តអាងយ៉ាង នៅពេលដែលប្រឡងបាន ០៣ វិញ្ញាសាដំបូង។ បេក្ខសិស្សចៅឫទ្ធិបានឲ្យដឹងថា៖ ក្នុងចំណោម ០៣ វិញ្ញាសាដែលអាត្មាបានប្រឡង បើតាមអាត្មាយល់ឃើញថា វិញ្ញាសាតែងសេចក្តី ជាវិញ្ញាសាពិបាកបំផុត។ វិញ្ញាសានេះត្រូវពិចារណាច្រើន ដើម្បីបកស្រាយបធានបទជុំវិញចំណេះវិជ្ជា និងសីលធម៌។ អាត្មាសរសេរមិនសូវបានក្បោះក្បាយ ប៉ុន្មានឡើយ បានជាអាត្មាមិនស្មានបានថាទទួលបានពិន្ទុកម្រិតណា។ រីឯ០២ វិញ្ញាសាគឺវិញ្ញាសាព្រះគាថា ពុទ្ធានុពុទ្ធ អាត្មាឆ្លើយបានគួសម សង្ឃឹមថាបានពុន្ទុលើពីមធ្យមភាគ។

នៅមណ្ឌលប្រឡងវត្តចម្បាបូរី (ត្រោកលិច) ទីប្រជុំជនចូវថាញ់មានបេក្ខសិស្ស ២២៩ អង្គ និងរូបចូលរួមប្រឡង។

យុវតីដងធីបាវង៉ុក បេក្ខសិស្សមធ្យមសិក្សាបឋមភូមិឆ្នាំទី ២  ចូលរួមប្រឡងនៅមណ្ឌលប្រឡងវត្តចម្បាបូរី (ត្រោកលិច)។ បាវង៉ុកសិក្សានៅវត្តសុវណ្ណនទីសិរីឧត្តម (អូរតាពៅ) ទោះបីជាកំពុងរៀនថ្នាក់ទី ៩ សាលាសកលក៏ដោយ បាវង៉ុកនៅតែឆ្លៀតពេលទៅរៀនថ្នាក់ពុទ្ធិកសិក្សា។

បាវង៉ុកសំណេះសំណាលថា៖ ការប្រឡងគង់តែមានធ្លាក់ មានជាប់។ ចូលរួមប្រឡងលើកនេះ ប្អូនអរផងភ័យផង។ ប្អូនអរដោយសារបានចូលរួមប្រឡងជាមួយមិត្តភក្តិយ៉ាងកុះករ។ ប្អូនភ័យដោយសារមិនទាន់ដឹងលទ្ធផលប្រឡងយ៉ាងណា។ មុននឹងចូលរួមប្រឡងប្អូនក៏ខិតខំទន្ទេញមេរៀនណាស់ដែរ តែដោយសារដំណាក់កាលនេះក៏ចំពេលដែលប្អូនត្រៀមមេរៀនសម្រាប់ប្រឡងវគ្គសិក្សាទី ១ ថ្នាក់សកលដែរ ម្ល៉ោះហើយប្អូនត្រូវលៃលកពេលរៀនទាំងផ្នែកសកលផង ទាំងពុទ្ធិកសិក្សាផង។

នៅមណ្ឌលប្រឡង វត្តលតាវ័ន (ព្រៃវល្លិ៍)ស្រុកថ្កូវ ចាត់តាំងប្រឡងតែថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ប៉ុណ្ណោះ មិនដូចមណ្ឌលប្រឡងនានាដែលចាត់តាំងប្រឡងទាំង ៣ ថ្នាក់នោះឡើយ។ ព្រះតេជគុណ គឹម ចន្ថា អនុលេខាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវមានថេរដីកាបានឲ្យដឹង៖  ដោយសារស្រុកថ្កូវមានបេក្ខសិស្សពុទ្ធិមធ្យមសិក្សាបឋមភូមិឆ្នាំទី ១, ទី ២, ទី ៣ ចំនួនច្រើន ដូច្នោះហើយបានជាគណៈមន្ត្រីសង្ឃស្រុកថ្កូវបានចាត់តាំងសម័យប្រឡងថ្នាក់ស្រុកចំនួន ០២ លើក។ សម័យប្រឡងលើកទី ១ សម្រាប់បេក្ខថ្នាក់ពុទ្ធិកមធ្យមសិក្សបឋមភូមិឆ្នាំទី ១ នៅមណ្ឌលប្រឡងវត្តលតាវ័ន (ព្រៃវល្លិ៍) ដោយមានសមណសិស្ស ២៤៧ អង្គ និងរូបចូលរួមប្រឡង ។ សម័យប្រឡងលើកទី ២ នឹងចាត់តាំងនៅថ្ងៃទី ៦, ទី ៧ មករា ខាងមុខនេះ នាមណ្ឌលប្រឡង វត្តសាលាពិភក្ការាម (តាសឹក) ឃុំឡុងហ៊ីប។

នៅមណ្ឌលប្រឡងនាវត្តព្រៃវល្លិ៍ យើងខ្ញុំបានជួបសំណេះសំណាលជាមួយបេក្ខសិស្ស ថាច់ធីវិដា សិក្សានៅវត្ត មុនីរង្សីសិរីវរារាម (ស្វាយពក) ឃុំលឺង៉េវអាញ់ នៅពេលដែលវិដាប្រឡងបាន ០៦ វិញ្ញាសា។ ប្អូនធីវិដា បានឲ្យដឹងថា៖ ប្អូនកំពុងរៀនសកលថ្នាក់ទី ៨ ។ ដោយសាររៀនថ្នាក់សកលផង ពុទ្ធិកសិក្សាផង ម្ល៉ោះហើយប្អូនមិនសូវមានពេលទន្ទេញមេរៀនបានច្រើន។ ចូលរួមប្រឡងលើកនេះប្អូនបារម្ភណាស់ដែរ តែទោះបីជាយ៉ាងណាក៏ដោយ ប្អូនក៏ខំប្រឡងឲ្យអស់ពីសមត្ថភាព និងខិតខំរៀនបន្តទៀតដើម្បីបានយល់ដឹងអំពីអក្សរសាស្រ្ត‑វប្បធម៌ជាតិយើងឲ្យបានជ្រៅជ្រះ។

សម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិថ្នាក់ស្រុក ក្រុង ក្នុងទូទាំងខេត្ត លើកនេះ មានបេក្ខសិស្ស ១.៩០៤ អង្គ និងរូបចូលរួមប្រឡង ៕

អត្ថបទ‑រូបថត៖ សុជា 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291756